
កាលបរិច្ឆេទ: ១០ វិច្ឆិកា ២០២៥ / សុខភាព / Author : ATH Sokren
ក្នុងនាមជាដៃគូពាណិជ្ជកម្ម និងជាអ្នកចែកចាយផ្តាច់មុខនៅកម្ពុជានូវផលិតផលឱសថរបស់ក្រុមហ៊ុន Biocodex ក្រុមការងារទីផ្សាររបស់សហគ្រាសផលិតឱសថប៉េប៉េអឹមត្រូវបានអញ្ជើញឱ្យទៅចូលរួមសិក្ខាសាលាបែបវិទ្យាសាស្រ្តថ្នាក់អន្តរជាតិនៅទីក្រុងហូជីមីញ ប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុន Biocodex ក្នុងការលើកកម្ពស់សុខភាពបន្តពូជស្រ្តីនៅអាស៊ី។
រៀបចំដោយក្រុមហ៊ុន Biocodex Global សិក្ខាសាលាស្តីពី៖ «ទំនាក់ទំនងរវាងមីក្រូសរីរាង្គទ្វារមាស និងសុខភាពបន្តពូជរបស់ស្រ្តី» មានអ្នកចូលរួមរាប់រយនាក់ ដែលជាគ្រូពេទ្យ អ្នកចែកចាយឱសថ និងថ្នាក់ដឹកនាំក្នុងវិស័យឧស្សាហកម្មឱសថ។ ពេទ្យជំនាញរោគស្រ្តីមកពីប្រទេសអ៊ីតាលី និងវៀតណាមបានធ្វើបទបង្ហាញពីការងារស្រាវជ្រាវវិទ្យាសាស្រ្តថ្មីៗទាក់ទិននឹងមីក្រូសរីរាង្គទ្វារមាស និងផលប៉ះពាល់លើសុខភាពបន្តពូជ។
លោកតិច ស៊ីម៉ូ នាយកផ្នែកទីផ្សារក្នុងស្រុក រួមជាមួយនឹងសហការីមកពីនាយកដ្ឋានទីផ្សារ និងផ្នែកទំនាក់ទំនង និង Influenceuces វ័យក្មេងជនជាតិខ្មែរពីរូបទៀត មានកិត្តិយសដោយបានធ្វើជាតំណាងសហគ្រាសផលិតឱសថប៉េប៉េអឹមដើម្បីចូលរួមក្នុងសិក្ខាសាលានេះ។ វត្តមានរបស់ពួកគេបង្ហាញពីភាពជោគជ័យនៃផលិតផលម៉ាក Saforelle ដែលជាផលិតផលឈានមុខគេរបស់បណ្តាញក្រុមហ៊ុន Biocodex នៅលើពិភពលោក។
លោកតិច ស៊ីម៉ូ មានប្រសាសន៍យ៉ាងដូច្នេះ៖ «សិក្ខាសាលានេះគឺជាឱកាសមួយដ៏មានតម្លៃសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកធ្វើការពាក់ព័ន្ធនឹងសុខភាពស្រ្តីនៅអាស៊ី»។
ក្នុងឱកាសបើកសិក្ខាសាលា លោក David Fontana អគ្គនាយកក្រុមហ៊ុន Biocodex ប្រចាំនៅប្រទេសវៀតណាម និងជាប្រធានតំបន់ APAC រម្លឹកពីសារសំខាន់នៃទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងក្រុមហ៊ុន Biocodex និងប្រទេសវៀតណាម ព្រោះថា ម៉ូលេគុលដ៏សំខាន់សម្រាប់ផ្សំជាឱសថរបស់ក្រុមហ៊ុន Biocodex ត្រូវបានរកឃើញកាលពីមួយសតវត្សរ៍មុននៅប្រទេសនេះ។ លោកក៏បានបន្តទៀតថា កាលបរិច្ឆេទនៃសិក្ខាសាលាគឺជានិមិត្តរូបមួយ ព្រោះត្រូវបានធ្វើឡើងនៅមួយថ្ងៃមុនទិវានារីជនជាតិវៀតណាម ជាពេលវេលាដ៏ពិសេសដើម្បីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងផ្នែកវិទ្យាសាស្រ្ត និងមនុស្សធម៌របស់ក្រុមហ៊ុន។
លោក David Fontana ពន្យល់ថា៖ «ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសសម្រាប់ចែករម្លែកចំណេះដឹងទាក់ទងនឹងការរកឃើញថ្មីៗនៃឱសថសម្រាប់ថែទាំសុខភាពផ្លូវភេទ ទាក់ទងនឹងផលិតផលប្រូប៊ីយ៉ូទិក និងសុខុមាលភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែក៏ជាឱកាសសម្រាប់បង្កើតបណ្តាញទាក់ទងរវាងក្រុមការងារទីផ្សារក្នុងតំបន់ អ្នកចែកចាយអន្តរជាតិ និងថ្នាក់ដឹកនាំក្រុមហ៊ុន Biocodex ផងដែរ។ បណ្តាញទំនាក់ទំនងនេះបង្កើតឡើងក្នុងបំណងបង្កើនផលិតផលជាច្រើនប្រភេទសម្រាប់សុខភាពស្រ្តី ផ្តល់ព័ត៌មានដល់អ្នកមានវិជ្ជាជីវៈផ្នែកសុខភាព និងដើម្បីពង្រឹងកិត្យានុភាពនៃផលិតផល Saforelle ឱ្យក្លាយជាផលិតផលដែលផ្តល់ទំនុកចិត្តមិនអាចខ្វះបាន»។
នៅថ្ងៃបន្ទាប់ ក្រុមការងារផ្នែកទីផ្សារនៃក្រុមហ៊ុន Biocodex ប្រចាំនៅប្រទេសវៀតណាមបានរៀបចំយុទ្ធនាការជិះម៉ូតូ (យុទ្ធនាការ Pink Roadshow) : នារីក្មេងៗស្ថិតក្នុងឯកសណ្ឋានដែលមានឡូហ្គោម៉ាក Saforelle បានជិះម៉ូតូជុំវិញទីក្រុង ដោយឈប់សំចតនៅតាមឱសថស្ថានជាដៃគូរបស់ក្រុមហ៊ុនដើម្បីចែកចាយផ្កាក្នុងទិវានារីជនជាតិវៀតណាម។ បន្ទាប់មកក្បួនម៉ូតូបានទៅឈប់នៅតាមទីធ្លាសាធារណៈដើម្បីចែកចាយផលិតផលគំរូ Saforelle ទៅដល់អ្នកធ្វើដំណើរឆ្លងកាត់។
ស្របពេលជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃដដែលនោះ ក្នុងសន្និសីទកាសែត លោក David Fontana បានបញ្ជាក់ជាថ្មីម្តងទៀតពីការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Biocodex ដើម្បីសុខភាពផ្លូវភេទរបស់ស្រ្តី។ លោកប្រកាសពីការផ្តល់វគ្គបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត ដោយសហការជាមួយបណ្តាញឱសថស្ថានធំៗនៅប្រទេសវៀតណាម។ វិធីសាស្រ្ត ៣៦០ ដឺក្រេ ដែលគាំទ្រដោយក្រុមហ៊ុន Biocodex គឺស្តាប់ដោយយកចិត្តទុកដាក់ពីតម្រូវការរបស់ស្រ្តី ផ្តល់ការអប់រំ ផ្តល់ព័ត៌មាន និងដំណោះស្រាយថ្មីៗ។
ជាទីបញ្ចប់ កិច្ចសហប្រតិបត្តិការរវាងសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុន Biocodex និងការចូលរួមរបស់ពួកគេក្នុងព្រឹត្តិការណ៍ Womentum នៅទីក្រុងហូជីមីញ គឺជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់សុខភាពស្រ្តី មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់អាស៊ី។ តាមរយៈការចែករម្លែកជំនាញវិទ្យាសាស្រ្ត និងការគាំទ្រដល់សហគមន៍វេជ្ជសាស្រ្តក្នុងស្រុក គឺពួកគេបានចូលរួមចំណែកកសាងអនាគតមួយដែលមានសុខភាពល្អសម្រាប់ស្រ្តីគ្រប់រូប៕